ក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ា ប្រកាសទទួលស្វាគមន៍និស្សិតពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្នុងការចុះទស្សនកិច្ចឬធ្វើកម្មសិក្សានៅការដ្ឋានរបស់ក្រុមហ៊ុន ដើម្បីទទួលយកបទពិសោធន៍ការងារ ពីវិស្វករជំនាញ ក្នុងគោលបំណងរួមចំំណែកអភិវឌ្ឍវិស័យវិស្វកម្មនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមស្តីពីលំនៅឋានអារ៉ាខាវ៉ា សហស្ថាបនិកនៃក្រុមហ៊ុនសំណង់ ជប៉ុនមួយនេះគឺ លោក អៀង សុធារ៉ា បានបញ្ជាក់ជាសាធារណថា លោកបើកចំហស្វាគមន៍ និស្សិតពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការចុះទស្សនកិច្ចសិក្សានៅការដ្ឋានផ្ទាល់ ក៏ដូចការចង់បង្កើនបទពិសោធន៍ការងារ តាមរយៈការចុះកម្មសិក្សា ទៅលើផ្នែកណាមួយ នៃការសាងសង់លំនៅឋានអារ៉ាខាវ៉ា ក៏បានដែរ ប៉ុន្តែនីតិវិធីត្រូវអនុវត្តតាមរយៈសាលា។
សំឡេងលោកសុធារ៉ា “មុននឹងឲ្យគាត់ទៅមើលការដ្ឋានហ្នឹង យើងមានបន្ទប់ប្រជុំ នៅការដ្ឋានហ្នឹងស្រាប់។ ឲ្យគាត់ចូលបន្ទប់ប្រជុំហ្នឹងហើយ យើងពន្យល់ប្រាប់គាត់ ណែនាំគាត់មួយចំនួនហើយ បានយើងនាំគាត់ដើរ ក្នុងការដ្ឋានហ្នឹងឲ្យគាត់មើល ទៅតាមពេលវេលាដែលសមស្រប និងពេលវេលាដែលអនុញ្ញាតិ។ អាហ្នឹងទស្សនកិច្ចសិក្សា យើងអាចធ្វើពីរ បីម៉ោង រឺធ្វើមួយព្រឹកអញ្ជឹងទៅ។ អឺទី២ គឺយើងឲ្យគាត់មានកម្មសិក្សា ផ្ទាល់នៅហ្នឹង តាមរយៈលោកសាស្ត្រាចារ្យហ្នឹង គាត់អាចទៅធ្វើកម្មសិក្សាផ្ទាល់ ដោយស្ម័គ្រចិត្ត។មានន័យថា គាត់អាចដាក់ពាក្យមកស្មើសុំ ទៅធ្វើជាអ្នកទៅជួយ ប៉ុន្តែទៅជួយហ្នឹង គឺទៅរៀនបណ្តើរៗ”។
គួររម្លឹងផងដែរថា សិក្ខាសាលានេះ ជាសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែម ស្តីពីលំនៅឋានអារ៉ាខាវ៉ាលើកទី២ហើយ បន្ទាប់ពីសិក្ខាសាលាដូចគ្នានេះ ដំបូង បញ្ចប់ទៅដោយជោគជ័យកាលពីចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។
កម្មវិធីដែលមានអ្នកចូលរួមជាង៣០០នាក់ ដែលសុទ្ធសឹងតែជាគណគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្តាប់យ៉ាងយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្លាំង ទៅលើលំនៅឋានអារ៉ាខាវ៉ានេះ ដោយម្នាក់ៗបានចូលរួមយ៉ាងកកកុញ ជជែកដេញដោលសួរ យ៉ាងយកចិត្តទុកដាក់ រាល់បទបង្ហាញពីស្ថាបនិកអារ៉ាខាវ៉ា តំណាងធនាគារ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ពិសេសបានទទួលចំនេះដឹងបច្ចេកទេស នៃសំណង់បន្ថែម ក៏ដូចជាចំនេះដឹងទូទៅពីរបៀបទិញ និងរស់នៅក្នុងលំនៅឋាន បែបទំនើប ទាន់សម័យ ដែលមានតម្លៃសមរម្យ នៅកណ្តាលរាជធានីភ្នំពេញ។
លោកអៀង សុធារ៉ាបញ្ជាក់ផងដែរថា ការដែលលោកជ្រើសរើស និស្សិតពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានោះ គឺដោយសាតែលោកបាននឹងកំពុងអនុវត្តតាមគោលការណ៍ទំនួលខុសត្រូវសង្គម រឺហៅកាត់ជាភាសាអង់គ្លេសថា CSR។
លោកសុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា “សំខាន់គោលការណ៍របស់ក្រុមហ៊ុនអារ៉ាខាវ៉ាហ្នឹងគឺ យើងគោរពទៅតាម CSR គឺCorporate Social Responsibility គឺជាសាជីវកម្មដែលទទួលខុសត្រូវ នឹងសង្គម មានន័យថា នៅពេលដែលយើងធ្វើអីក៏ដោយ យើងគិតដល់បុគ្គលិករបស់យើង យើងគិតដល់អ្នកដែលនៅជុំវិញយើង យើងគិតដល់អ្នកដែលរស់នៅនៅហ្នឹង។ ជាឧទាហរណ៍ ជាក់ស្តែងមង យើងគិតថា តើអ្នកដែលនៅជុំវិញហ្នឹងបានអត្ថប្រយោជន៍អីខ្លះ។ អញ្ជឹងជាគំរូមួយដែលថា អ្នកដែលនៅជិតយើង ហើយអ្នកដែលត្រូវហ្នឹងជំនាញហ្នឹង តែម្តងគឺITCហ្នឹង។ អញ្ជឹងបានជាយើងថា សុំឲ្យITCហ្នឹងសហការជាមួយអារ៉ាខាវ៉ាទៅ។
រឺក៏មិនតែITCទេ ទោះបីជាសាលាបច្ចេកវិទ្យា រឺបច្ចេកទេសសំណង់ផ្សេងៗទៀត ក៏អាចហ្នឹងដាក់ពាក្យ រឺក៏សុំធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុនអារ៉ាខាវ៉ាបានដែរ យើងមិនកំណត់តែមួយអញ្ជឹងទេ។
ហើយអត្ថប្រយោជន៍ក្រោយពីយើងបើកចំហ ក្រោយពីយើងគិតគូរបៀបនេះទៅ អត្ថប្រយោជន៍ចុងក្រោយបំផុតនោះ គឺបានទៅប្រជាជនកម្ពុជាទេ។ គឺមានន័យថានៅពេលអារ៉ាខាវ៉ាធ្វើហ្នឹង ធ្វើឲ្យល្អហើយ ប៉ុន្តែក្មេងជំនាន់ក្រោយ ដែលគាត់បំរុងនឹងធ្វើដែរ មនុស្សជំនាន់ក្រោយដែលគាត់ នឹងចូលប្រលូក នៅក្នុងការងារសំណង់ ចូលប្រលូកនៅក្នុងការអភិវឌ្ឍអចលនទ្រព្យ គាត់មុខតែយកគំរូដែលល្អៗ ទៅអភិវឌ្ឍប្រទេសជាតិ។
ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បោះទុនវិនិយោគទឹកប្រាក់ជាង ៧០ លានដុល្លារអាមេរិក សាងសង់លំនៅឋាន បែបខុនដូរ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា នេះបើតាមការអះអាង របស់លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) សហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន វិនិយោគនៅកម្ពុជា។
នៅក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ របស់លំនៅឋានអារ៉ាខាវ៉ា កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ លោក ជា សុផារ៉ា បានមានប្រសាសន៍ គាំទ្រយ៉ាងពេញទំហឹង លើគម្រោងរៀបចំលំនៅឋាន ដែលមានតម្លៃសមរម្យរបស់អារ៉ាខាវ៉ានេះ។ ពិសេសលោកជឿជាក់យ៉ាងមុតមាំ លើសហស្ថាបនិកទាំងអស់ និងប្រវត្តិការងាររបស់ក្រុមហ៊ុនអារ៉ាខាវ៉ាកន្លងមក ហើយក៏បានស្នើរឲ្យដៃគូរពាក់ព័ន្ធ សហការឲ្យបានល្អ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា“ខ្ញុំក៏ជឿជាក់លោកអាឡិច គឺមានការខិតខំប្រឹងប្រែង ជាមួយនឹងសហការីរបស់គាត់ គឺជាមនុស្សដែលខ្ញុំ សំគាល់ថាមានលក្ខណៈម៉ត់ចត់។ ធ្វើការ ដោះស្រាយកិច្ចការបានល្អប្រសើរ។ អគ្គនាយកលំនៅដ្ឋានគឺសុំសហការឲ្យបានជិតស្និត”។
សូមបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៨មកម្លេះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះ ធ្លាប់មានបទពិសោធន៍សាងសង់អាគារ Bellevue Serviced Apartments ដែលមានទីតាំងនៅតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអារ៉ាខាវ៉ានេះហើយ ដែលបានសហការយ៉ាងជិតស្និត និងពេញទំហឹងជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានវិនិយោគទុន ដោះស្រាយជូនប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ដែលអគារនោះ អាចមានហានិភ័យខ្ពស់ ដល់ប្រជាជនដែលរស់នៅទីនោះ បានដោយជោគជ័យ។
ដំណោះស្រាយអគារប៊ូឌីញសជាគម្រោងគំរូមួយ ក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់មួយនៅកម្ពុជា និងក្នុងតំបន់៕