សហស្ថាបនិកនៃក្រុមហ៊ុនសំណង់ជប៉ុន អារ៉ាខាវ៉ាគឺ លោក អៀង សុធារ៉ា ថ្លែងជាសាធារណថា លោកបើកចំហរស្វាគមន៍និស្សិតពីសាលាតិកណូ ក្នុងការចុះទស្សនកិច្ចសិក្សានៅការដ្ឋានផ្ទាល់ ក៏ដូចការចង់បង្កើនបទពិសោធន៍ការងារ តាមរយៈការចុះកម្មសិក្សាទៅលើផ្នែកណាមួយនៃការសាងសង់លំនៅឋានអារ៉ាខាវ៉ា។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមស្តីពីលំនៅឋានអារ៉ាខាវ៉ា កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬសាលាតិកណូ។
លោក អៀង សុធារ៉ា ថ្លែងថា ការផ្តល់ឱកាសដល់ក្រុមនិស្សិតដូចនេះ គឺក្រុមហ៊ុនចង់ចូលរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការផ្តល់ឱ្យនិស្សិតបានរៀនអនុវត្តទ្រឹស្តីនិងដកស្រង់យកបទពិសោធន៍ជាក់ស្តែង។ លោកបញ្ជាក់ថា នីតិវិធីក្នុងការស្នើរសុំទស្សនកិច្ចឬកម្មសិក្សា ត្រូវអនុវត្តតាមរយៈរដ្ឋបាលសាលាតិកណូ។
លោក អៀង សុធារ៉ា បន្តថា៖ «ទស្សនកិច្ចសិក្សា យើងអាចធ្វើពីរ បីម៉ោង ឬធ្វើមួយព្រឹកអ៊ីចឹងទៅ។ ទី២ គឺយើងឱ្យគាត់មានកម្មសិក្សាផ្ទាល់នៅហ្នឹង តាមរយៈលោកសាស្រ្តាចារ្យហ្នឹង គាត់អាចទៅធ្វើកម្មសិក្សាផ្ទាល់ដោយស្ម័គ្រចិត្ត។ មានន័យថា គាត់អាចដាក់ពាក្យមកស្មើរសុំទៅធ្វើជាអ្នកទៅជួយ ប៉ុន្តែទៅជួយហ្នឹងគឺទៅរៀនបណ្តើរៗ។
សិក្ខាសាលានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានអ្នកចូលរួមជាង៣០០នាក់ សុទ្ធសឹងតែជាគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតនេះ ជាសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមស្តីពីលំនៅឋានអារ៉ាខាវ៉ាលើកទី២ បន្ទាប់ពីសិក្ខាសាលាលើកដំបូងធ្វើត្រូវបានឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
និស្សិតឆ្នាំទី៤ ផ្នែកសំណង់ស៊ីវិលនៃសាលាតិកណូ លោក មាន សុភ័ក្រ ដែលបានចូលរួមសិក្ខាសាលានេះលើកឡើងថា លោកស្គាល់ឈ្មោះក្រុមហ៊ុនសំណង់អារ៉ាខាវ៉ាកន្លងមក តាមរយៈគម្រោងអាគារប៊ូឌីញស។
និស្សិតវ័យ២២ឆ្នាំរូបនេះ បញ្ជាក់ថា ឆ្លងតាមការសិក្សាកន្លងមក ការចុះកម្មសិក្សានៅការដ្ឋានផ្ទាល់ពិតជាជួយច្រើនដល់និស្សិត ដើម្បីឱ្យយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ គឺពិតជាសំខាន់ណាស់។ ដូច្នេះ និស្សិតរូបនេះសំណូមពរដល់ក្រុមហ៊ុនសំណង់ផ្សេងៗទៀត ផ្តល់ឱកាសដល់និស្សិត ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីលើកស្ទួយវិស័យសំណង់នៅកម្ពុជាឱ្យរឹតតែប្រសើរឡើង។
និស្សិត មាន សុភ័ក្រ បន្ថែមថា៖ «រូបខ្ញុំផ្ទាល់ ខ្ញុំគិតថាក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀត ខ្ញុំគិតថាប្រសិនបើពួកគាត់បើកឱកាសឱ្យនិស្សិត មិនថាសាលាតិកណូឬក៏សាលាផ្សេងទៀតទេ គឺថាប្រសិនជាគាត់បើកឱកាសទូលាយ ខ្ញុំគិតថាវិស័យសំណង់នៅកម្ពុជា វាកាន់តែមានភាពជឿនលឿនទៅមុខដូចប្រទេសអភិវឌ្ឍនៅក្នុងអាស៊ានយើងហ្នឹងដែរ ដូចប្រទេស Singapore (សិង្ហបុរី) ឬប្រទេសជប៉ុនអីជាដើម»។
ជុំវិញកម្មវិធីចុះកម្មសិក្សានេះដែរ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសំណង់ស៊ីវិលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ជ្រា រ៉ាដា ដែលបានសាងសង់អគារជាច្រើន សាទរចំពោះការផ្តល់កម្មសិក្សាដល់និស្សិតនាពេលនេះ។
សាស្រ្តាចារ្យរូបនេះបានឱ្យដឹងថា បច្ចុប្បន្ននិស្សិតមានចំនួនច្រើន ដែលនិស្សិតខ្លះត្រូវការការចុះទស្សនកិច្ចសិក្សាឬកម្មសិក្សាផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ការងារ ជុំវិញទ្រឹស្តីដែលបានរៀននៅសាលា ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនមិនសូវជាស្វាគមន៍និស្សិតនោះទេ ដោយហេតុផលមួយចំនួន។
លោក ជ្រា រ៉ាដា មានប្រសាសន៍ថា៖ «និស្សិតភាគច្រើននៅឆ្នាំទី៥ ត្រូវចុះកម្មសិក្សាបញ្ចប់ការសិក្សារបស់គ្នា ហើយធ្វើសារណាការពារចេញ។ អ៊ីចឹងយើងមានផលលំបាកក្នុងការដែលរកការដ្ឋាន។ មានការដ្ឋានខ្លះ មានក្រុមហ៊ុនខ្លះមិនត្រូវបានអនុញ្ញាតឱ្យសិស្សយើងចូលទៅទេ ដោយសារគាត់ខ្លាចបែកការណ៍ឬក៏បែកអី។ ហើយដោយខ្ញុំធ្លាប់បានសហការជាមួយលោកធារ៉ា ឃើញថាគាត់បានទទួលសិស្សយើងច្រើន ហើយបានពន្យល់ពីការងារដែលត្រូវសាងសង់ ហើយកូនសិស្សត្រូវបានកន្លែងដែលត្រូវគណនាឡើងវិញថាតើអគារហ្នឹងមានលក្ខណៈជាប់មាំល្អអត់ទៅតាមទ្រឹស្តី ហើយសង់ជាក់ស្តែងហ្នឹងថាត្រឹមត្រូវអត់។ អ៊ីចឹងជាពិសេសកូនសិស្សត្រូវបានយកប្លង់ហ្នឹងមកមើល ហើយverify (បញ្ជាក់) ហើយមើលការងារជាក់ស្តែងសាងសង់។ អ៊ីចឹងកូនសិស្សចេះទ្រឹស្តីផង មើលគេការងារជាក់ស្តែងផង អ៊ីចឹងកូនសិស្សគ្នាមានគំនិតល្អ។
លោក ជ្រា រ៉ាដា ដែលធ្លាប់ជាទីប្រឹក្សាការសាងសង់សំណង់អគារ Bellevue Serviced Apartments របស់ក្រុមហ៊ុនអារ៉ាខាវ៉ាផងដែរនោះ ថ្លែងបន្តថា៖ «ឃើញថាល្អច្រើន នៅក្នុងការដែលខ្ញុំសាងសង់នៅ Bellevue ហើយដល់ពេលនៅទីនេះ គឺគាត់បើកភ្លើងខៀវឱ្យនិស្សិតយើងបានចុះកម្មសិក្សាទៀតឬក៏ចុះទស្សនកិច្ច មិនបានចុះកម្មសិក្សា អាចពួកកូនសិស្សឆ្នាំទី៣ ចុះទស្សនកិច្ចមើលថាតើវិធីសាស្រ្តក្នុងការសាងសង់ខួងគ្រឹះឬការពារសុវត្ថិភាព ថាតើពេលសាងសង់យើងត្រូវធ្វើអីខ្លះ។ អ៊ីចឹងឱ្យកូនសិស្សដែលកំពុងតែរៀនឆ្នាំទី៣ហ្នឹងគឺមានគំនិតយល់ដឹង ទៅតាមមេរៀនហ្នឹង ហើយយើងឃើញជាក់ស្តែង ល្អមែនទែន!»។
សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា លោក អៀង សុធារ៉ា បញ្ជាក់ផងដែរថា ការដែលលោកជ្រើសរើសនិស្សិតពីសាលាតិកណូនោះគឺដោយសារតែលោកបាននឹងកំពុងអនុវត្តតាមគោលការណ៍ទំនួលខុសត្រូវសង្គមឬហៅកាត់ជាភាសាអង់គ្លេសថា CSR។
លោក សុធារ៉ា មានប្រសាសន៍ថា៖ “សំខាន់គោលការណ៍របស់ក្រុមហ៊ុនអារ៉ាខាវ៉ាហ្នឹងគឺ យើងគោរពទៅតាម CSR គឺ Corporate Social Responsibility គឺជាសាជីវកម្មដែលទទួលខុសត្រូវនឹងសង្គម។ មានន័យថា នៅពេលដែលយើងធ្វើអីក៏ដោយ យើងគិតដល់បុគ្គលិករបស់យើង យើងគិតដល់អ្នកដែលនៅជុំវិញយើង យើងគិតដល់អ្នកដែលរស់នៅនៅហ្នឹង។ ជាឧទាហរណ៍ ជាក់ស្តែងហ្មង យើងគិតថា តើអ្នកដែលនៅជុំវិញហ្នឹងបានអត្ថប្រយោជន៍អីខ្លះ។ អ៊ីចឹងជាគំរូមួយដែលថា អ្នកដែលនៅជិតយើង ហើយអ្នកដែលត្រូវហ្នឹងជំនាញហ្នឹងតែម្តងគឺITCហ្នឹង»។
តាមការអះអាងរបស់សហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) ក្រុមហ៊ុននេះបោះទុនវិនិយោគទឹកប្រាក់ជាង ៧០លានដុល្លារអាមេរិក សាងសង់លំនៅឋាន បែបខុនដូ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕