បុរសវ័យជាង៥០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកមួយរូបរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា គឺលោកអៀង សុធារ៉ា បានបង្ហាញពីសុទិដ្ឋិនិយមថា ក្រុមហ៊ុនលោកនឹងរៀបចំខុនដូតម្លៃសមរម្យនេះ ប្រកបដោយក្តីសុខដុមរមនា សន្តិសុខ និងសណ្តាប់ធ្នាប់។ សម្រាប់ការរៀបចំទាំងនេះ ក្រុមហ៊ុននឹងផ្តល់ឱកាសឱ្យប្រជាជនចូលរួមដឹងលឺជាសាធារណៈពីដំណើរការវិវឌ្ឍនៃការសាងសង់រហូតដល់ចប់។
លោកអៀង សុធារ៉ាមានប្រសាសន៍ថា៖ «លក្ខណៈពិសេសមួយទៀត ពេលកំពុងសាងសង់ លោកអ្នកដែលមានចិត្តចាប់អារម្មណ៍ចង់ទិញលំនៅឋានឬចំណែកឯកជនក្នុងអគារអារ៉ាខាវ៉ានេះ នឹងត្រូវបានពន្យល់តាមរយៈសិក្ខាសាលាឬក៏តាមរយៈទេសចរណ៍ទៅដល់ការដ្ឋាន ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ថាតើការសង់អគារខ្ពស់និងការរៀបចំផ្សេងៗទៀត មានលក្ខណៈបែបម៉េច។ ក្នុងការរចនាអគារទាំងក្នុងទាំងក្រៅ ក្រុមស្ថាបត្យករយើងគឺគិតដល់សន្តិសុខ ដល់សុវត្ថិភាព ដល់សោភណភាព ការសន្សំសំចៃ ព្រមទាំងភាពសុខដុមរមនា ផាសុកភាព និងបរិស្ថានផងដែរ»។
កម្មវិធីដែលមានអ្នកចូលរួមជាង២០០នាក់បានស្តាប់និងសួររាល់បទបង្ហាញពីស្ថាបនិកអារ៉ាខាវ៉ា តំណាងធនាគារ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ពិសេសបានទទួលចំណេះដឹងទូទៅពីរបៀបទិញនិងការរស់នៅក្នុងលំនៅឋានបែបទំនើប នៅកណ្តាលរាជធានីភ្នំពេញ។
អ្នកចូលរួមម្នាក់ដែលចាប់អារម្មណ៍លើគម្រោងលំនៅឋានអារ៉ាខាវ៉ា បានអះអាងថា សម្រាប់លោក នេះជាលើកទីមួយដែលបានជួបការលក់លំនៅឋានមានលក្ខណៈច្បាស់លាស់ ទាំងតម្លៃ ក៏ដូចជាការរៀបចំ។
លោក ហូរ មុនីវ័ន្ដ បន្តថា៖ «ជាទូទៅ ប្រសិនបើយើងប្រៀបធៀបជាមួយនឹងការផ្តល់ព័ត៌មាននៅកន្លែងផ្សេង គឺទីនេះពិសេសមែនទែន។ គឺវាធ្វើមានលក្ខណៈល្អមែនទែន ដោយការបង្ហាញនូវបទបង្ហាញក្បោះក្បាយមែនទែន។ ហើយអតិថិជនល្មមៗ គឺថាគេមើលគេស្គាល់ គេដឹង ហើយយល់ច្បាស់តែម្តង។ ហើយជាពិសេសគឺអាចជឿជាក់។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ ទោះបីជាខ្ញុំមិនបានអប់រំ មិនបានស្វែងយល់ពីមុន ក៏មកថ្ងៃនេះក៏អាចស្វែងយល់ក្នុងរយៈពេលមួយថ្ងៃបានដែរ។ ខ្ញុំឃើញថា ការផ្សព្វផ្សាយបែបនេះល្អមែនទែន»។
កម្មវិធីសិក្ខាសាលាផ្ដល់ព័ត៌មានបន្ថែមពី «លំនៅឋានអារ៉ាខាវ៉ា»
អ្នកចូលរួមមួយរូបផ្សេងទៀត ដែលបច្ចុប្បន្នក៏ជាអ្នកជំនួញខាងអចលនទ្រព្យដែរនោះ បានឱ្យដឹងថា លំនៅឋានអារ៉ាខាវ៉ា បានលម្អិតពីគម្រោងនៃការលក់ ការរស់នៅ និងតម្លៃក៏ដូចជារយៈពេលនៃការបង់ប្រាក់ ដែលវាខុសពីគម្រោងខុនដូផ្សេងៗដែលលោកស្រីធ្លាប់ជួបនិងមានបទពិសោធន៍កន្លងមក។ លោកស្រីបន្តទៀតថា សម្រាប់ការចូលរួមសិក្ខាសាលាមួយរសៀលនេះ លោកស្រីទទួលបានចំណេះដឹងបន្ថែមជាច្រើន។
លោកស្រី សោម វណ្ណនិត លើកឡើងបន្តថា៖ «បងមុននឹងមក បងគ្រាន់តែគិតថា ប្រហែលគ្រាន់តែជាខុនដូធម្មតាមួយ ដែលដូចនៅខាងបណ្ដាគេផ្សេងៗហើយណា។ ប៉ុន្តែពេលដែលបងមកដល់ភ្លាម សូម្បីតែខ្ញុំក៏ចង់បានមួយ Unit (ចំណែកឯកជន) ហ្នឹងគេដែរ។ វាជា feeling (អារម្មណ៍) ពិតមួយ ដែលថាយើង គិតថា អូខេ ប្រសិនបើបានមួយ Unit នឹងគេដែរ ក៏គ្រាន់បើដែរ ព្រោះយើងគិតថា ទី១យើងមើលទៅលើបរិយាកាសនៃការរស់នៅជុំវិញហ្នឹង ហើយវានៅតំបន់ក្រុងកណ្តាលក្រុង។ អ៊ីចឹងពេលវានៅកណ្តាលក្រុង យើងងាយស្រួលក្នុងការធ្វើដំណើរទៅជួបអ្នកនេះអ្នកនោះ ឬក៏ជួបជាមួយក្រុមការងាររបស់យើងឬក៏កន្លែងធ្វើការរបស់យើងដែរ»។
អ្នកចូលរួមវ័យជាង៣០រូបនេះបន្តទៀតថា បច្ចុប្បន្ន របត់នៃការរស់នៅក្នុងសង្គមមានការផ្លាស់ប្តូរ យុវជនខ្មែរខ្លះមិនខ្វល់ថាខុនដូ ឬក៏ផ្ទះល្វែងជាប់ដីនោះទេ គឺឱ្យតែកន្លែងរស់នៅនោះជិតកន្លែងធ្វើការ តម្លៃសមរម្យ សំណង់ល្អ តាមរយៈប្រវត្តិក្រុមហ៊ុន ទីតាំងនោះនឹងជាជម្រើសរបស់ពួកគាត់ហើយ។ ដូច្នេះលោកស្រីក៏លើកទឹកចិត្តឱ្យសាធារណជនឆ្លៀតឱកាសចូលរួមស្តាប់បទបង្ហាញរបស់គម្រោងអារ៉ាខាវ៉ានេះនៅពេលបន្តបន្ទាប់ ព្រោះវានឹងផ្តល់ចំណេះដឹងពីការរស់នៅជាច្រើន សម្រាប់កម្ពុជាទាំងមូល។
ក្នុងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា លោកអៀង សុធារ៉ា បានឱ្យដឹងថា ក្រុមហ៊ុនអារ៉ាខាវ៉ានឹងរៀបចំសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ ដោយយ៉ាងតិចបំផុតជារៀងរាល់១ខែម្តង ដើម្បីផ្តល់ព័ត៌មានផ្លូវការជូនសាធារណជន ឱ្យបានដឹងអំពីវិវឌ្ឍភាពនៃលំនៅឋាននេះ។
អគារគំរូនៃ «លំនៅឋានអារ៉ាខាវ៉ា»
ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ជាង៧០លានដុល្លារអាមេរិក សាងសង់លំនៅឋាន បែបខុនដូ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។ នេះបើតាមការអះអាងរបស់លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) សហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា។
លោកអាឡិច យ៉ាស៊ូម៉ូតុ បន្តទៀតថា គម្រោង លំនៅឋានអារ៉ាខាវ៉ា បែងចែកជា២ដំណាក់កាលធំៗ ដោយក្នុងនោះដំណាក់កាលទី១ មាន១០អគារ ដែលមានប្រមាណជា២០០០ ចំណែកឯកជនឬ units ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយក្នុងមួយunit តម្លៃចាប់ពីជាង២ ម៉ឺនដុល្លារ។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់របស់លំនៅឋានអារ៉ាខាវ៉ា កាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានគាំទ្រ លើគម្រោងរៀបចំលំនៅឋានដែលមានតម្លៃសមរម្យរបស់អារ៉ាខាវ៉ានេះ។
លោកទេសរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំក៏ជឿជាក់លោកអាឡិច គឺមានការខិតខំប្រឹងប្រែងជាមួយនឹងសហការីរបស់គាត់ គឺជាមនុស្សដែលខ្ញុំ សម្គាល់ថាមានលក្ខណៈហ្មត់ចត់។ ធ្វើការ ដោះស្រាយកិច្ចការបានល្អប្រសើរ។ អគ្គនាយកលំនៅឋានគឺសុំសហការឱ្យបានជិតស្និទ្ធ»។
ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះមានបទពិសោធន៍សាងសង់អាគារ Bellevue Serviced Apartments ដែលមានទីតាំងនៅតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ។ ក្រុមហ៊ុនអារ៉ាខាវ៉ានេះដែរ ក៏បានសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វិនិយោគទុនដោះស្រាយបានដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ដែលអគារនោះ អាចមានហានិភ័យខ្ពស់ដល់ការរស់នៅ។ ដំណោះស្រាយអគារប៊ូឌីញសជាគម្រោងគំរូមួយ ក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់មួយនៅកម្ពុជានិងក្នុងតំបន់៕