អ្នកទិញគម្រោងលំនៅឋានបែបខុនដូតម្លៃសមរម្យរបស់ជប៉ុន អារ៉ាខាវ៉ា (Arakawa Residence) ត្រូវប្រុងប្រយ័ត្នបន្តិច ព្រោះមានជនមួយចំនួនកំពុងឆ្លៀតឱកាសបន្លំរឿងតម្រូវឲ្យបង់លុយកក់។
ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន អារ៉ាខាវ៉ា ដែលវិនិយោគនៅកម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការថា ក្រុមហ៊ុនមិនទាន់ និងមិនធ្លាប់បើកទទួលលុយកក់ពីអតិថិជននោះឡើយ ដោយគ្រាន់តែទទួលចុះឈ្មោះអតិថិជនកាលពីដើមខែមីនា មុនប៉ុណ្ណោះ តាមរយៈក្រុមការងារផ្នែកលក់នៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ក្រោយពេទ្យរ៉ូយ៉ាល់ភ្នំពេញ)។
ការប្រកាសតាមផ្លូវច្បាប់របស់មេធាវីប្រចាំក្រុមហ៊ុនអចលនទ្រព្យមួយនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ មីនា ២០១៨ បន្ទាប់ពីជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់គណនីហ្វេសប៊ុកផ្សព្វផ្សាយពីគម្រោងលំនៅឋាន អារ៉ាខាវ៉ា និងបើកទទួលលុយកក់ពីអតិថិជន។ ក្រុមហ៊ុនក៏មិនបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនអចលនទ្រព្យណាមួយ ជួយផ្សព្វផ្សាយ ឬលក់នោះឡើយ។
អារ៉ាខាវ៉ា ជាគម្រោងលំនៅឋានបែបខុនដូតម្លៃសមរម្យរបស់ជប៉ុន សម្រាប់ប្រជាជនកម្ពុជាដែលមានចំណូលមធ្យម ក្រោមទុនវិនិយោគជាង ៧០ លានដុល្លារ លើផ្ទៃដីទំហំជាង ១៣ ៦៨០ ម៉ែត្រក្រឡា ហើយត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវកាលពីថ្ងៃទី ៨ វិច្ឆិកា ២០១៧ ក្រោមវត្តមានរបស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។
លំនៅឋានអារ៉ាខាវ៉ា បែងចែកជា ២ ដំណាក់កាលធំៗ ក្នុងនោះដំណាក់កាលទី១ មាន ១០ អគារមានប្រមាណជា ២ ០០០ យូនីត ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ ខណៈមួយយូនីតមានតម្លៃចន្លោះពីជាង ២-៣ ម៉ឺនដុល្លារ។ នេះបើតាមលោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា ថ្លែងក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់។
ឯលក្ខខណ្ឌសម្រាប់ប្រជាជនចង់ទិញលំនៅឋាននេះ គឺអ្នកណាក៏ដោយដែលមានលទ្ធភាព អាចទិញបានទាំងអស់ លើកលែងអ្នកវិនិយោគ ដែលទិញទុកលក់ ឬជួលបន្ត។ អតិថិជនមិនតម្រូវឲ្យបង់លុយកក់មុនឡើយ តែពេលសង់ចប់ ក្រុមហ៊ុនតម្រូវឲ្យបង់ ៣០% និងអាចខ្ចីធនាគារបង់រំលស់ ១០-២០ឆ្នាំ៕